(សៀមរាប)៖ ក្នុងគោលដៅពង្រឹងសមត្ថភាពជាតិលើវិស័យអាកាសធាតុ និងកសិកម្ម និស្សិតកម្ពុជាឆ្នើមចំនួន ៤ រូប (ស្រី ៣ រូប) ត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសចិន លើជំនាញឯកទេស កសិឧតុនិយម និង ជលសាស្ត្រឧតុនិយម។ នេះគឺជាការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញកម្រមួយ ដែលកម្ពុជាកំពុងត្រូវការចាំបាច់ដើម្បីជួយដល់វិស័យកសិកម្ម។
និស្សិតទាំង ៤ រូប ដែលនឹងត្រូវចេញដំណើរទៅសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មានណានជីន (Nanjing University of Information Science and Technology) នាខែកញ្ញា ខាងមុខនេះ រួមមាន៖
-កញ្ញា រ័ត្ន សុវណ្ណអរិយា (អាយុ ២២ ឆ្នាំ)
-កញ្ញា សុខ សិរិតា (អាយុ ២៣ ឆ្នាំ)
-លោក គង់ សេរីមង្គល (អាយុ ២៦ ឆ្នាំ)
-កញ្ញា ជា សុធារ័ត្ន (អាយុ ២៧ ឆ្នាំ)
អាហារូបករណ៍នេះត្រូវបានផ្តល់ជូនតាមរយៈ គម្រោង "គជ់" (PEARL) ដែលជាគម្រោងអន្តរក្រសួង និងស្ថាប័នអន្តរជាតិ រួមមាន៖ ស្ថាប័នអនុវត្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន មូលនិធិបៃតង (Green Climate Fund)អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
តាមការបញ្ជាក់ពីថ្នាក់ដឹកនាំ និងអ្នកជំនាញ ជំនាញនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិលោកស្រី Rebekah Olivia Bell (តំណាង FAO): បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងជួយឱ្យនិស្សិតនាំយកចំណេះដឹងមកអភិវឌ្ឍវិស័យធនធានទឹក និងជួយកសិករឱ្យមានសមត្ថភាព "បន្ស៊ាំខ្លួន" ទៅនឹងការប្រែប្រួលអាកាសធាតុបានយ៉ាងមានប្រសិទ្ធភាព។
លោកបណ្ឌិត អឿង ចន្ថា (អនុរដ្ឋលេខាធិការក្រសួងធនធានទឹក): បានសង្កត់ធ្ងន់ថា កសិឧតុនិយមគឺជា "ជំនាញកម្រ" ដែលពិបាកបណ្តុះបណ្តាល។ ការទទួលបានធនធានមនុស្សលើផ្នែកនេះ នឹងជួយឱ្យកសិកម្មកម្ពុជាឈានទៅរក "ទំនើបកម្ម" និងទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើប្រាស់ទិន្នន័យវិទ្យាសាស្ត្រ។









